មហាជននៅក្នុងបណ្ដាញសង្គមថ្មីៗនេះ នាំគ្នាចាប់អារម្មណ៍សកម្មភាពឧកញ៉ា ម៉ុង ឫទ្ធី ដែលលោក និង ភរិយា បានចំណាយពេលវេលាជាមួយគ្នា មុនថ្ងៃចុងសប្ដាហ៍របស់ខ្លួន សហការគ្នា រៀបចំចម្អិនម្ហូប ខ្វៃជ្រូកបង្វិល នៅលើកំពូលភ្នំ ដើម្បីទទួលទានអាហារពេលល្ងាចជួបជុំ ដ៏មានក្ដីសុខ។
តាមរយៈគណនីរបស់ឧកញ៉ាផ្ទាល់ បានបង្ហោះនូវវីដេអូដែលលោក និង ភរិយា កំពុងថែមគ្រឿង នៅលើជ្រូកដែលបានដាក់អាំង នៅល្ងាចព្រាងៗ នៃបរិវេណកំពូលភ្នំ កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដែលធ្វើឱ្យមហាជនឃើញហើយសឹងតែស្រក់ទឹកមាត់តែម្ដង។
ក្នុងនោះផងដែរ តាមរយៈវីដេអូដែលបានបង្ហោះ លោកឧកញ៉ា បានរ៉ាយរ៉ាប់សារឱ្យដឹងថា ៖ «ល្ងាចនេះពីរនាក់លោកជំទាវប្រហុក ខ្វៃកូនជ្រូកយ៉កសៀមួយក្បាលហូប នៅលើកំពូលភ្នំ កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ។ ឆ្ងាយពីទីផ្សារ មានតែខ្វៃជ្រូកដោយខ្លួនឯងហូបអ៊ីចឹងហើយ ខ្ញុំសូមផ្ញើជូនប្រិយមិត្តយើង តាមរលកធាតុអាកាស ដោយក្តីនឹករលឹកផង»។
តាមរយៈសកម្មភាពដ៏ផ្អែមល្ហែមនេះ បានធ្វើឱ្យមហាជននាំគ្នាកោតសរសើរចំពោះឧកញ៉ា ម៉ុង ឬទ្ធី ដែលបង្ហាញនូវការចំណាយពេលវេលាដ៏មានន័យសម្រាប់ក្រុមគ្រួសារ ជាពិសេសគឺភរិយាជាទីស្រឡាញ់របស់លោក ដែលលោកបានដាក់ងារជាជំទាវប្រហុក ខណៈលោកតែងចំណាយពេលជាមួយភរិយាជាប្រចាំ ដោយមិនចាំបាច់ចាំតែថ្ងៃសំខាន់ឡើយ ជាគំរូដ៏ល្អ សម្រាប់ក្រុមគ្រួសារនានា គួរយកតម្រាប់តាម៕