ប៉ុន្មានថ្ងៃនេះ លោកអ្នកនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានឃើញហើយពីការបន្តចែករំលែករូបភាពថតពីការ Live វីដេអូរបស់តារាចម្រៀង សួស វីហ្សា និង ស្វាមី គឺលោក ថមមី ដែលមានអ្នកចូលទស្សនាដល់ទៅ ១២ ម៉ឺននាក់នោះ។ ក្នុងនោះ ចំណុចនៃការទទួលបានប្រជាប្រិយភាពមានអ្នកចូលមើលច្រើនសន្ធឹកនេះដែរ ក៏ព្រោះតែការតុបតែងខ្លួន និង ភាពកំប្លុកកំប្លែងរបស់លោក ថមមី និង អ្នកនាង សួស វីហ្សា តែម្តង។
ដោយឡែក បន្ទាប់ពីវីដេអូនោះហើយ ក៏នៅមានរូបភាពជាច្រើនទៀតត្រូវបានអ្នកលេងបណ្តាញសង្គមយកទៅកាត់តជាបន្តបន្ទាប់ ជាពិសេសគឺរូបភាពប៉ុន្មានសន្លឹករបស់លោក ថមមី ដែលបានបំពេញភារកិច្ចលើមុខជំនួញរបស់លោក នៅថ្ងៃបន្ទាប់នៃការ Live វីដេអូជាមួយភរិយានោះ។
រូបភាពក្នុងឯកសណ្ឋានអ្នកធ្វើការអាវធំ ឡើងកាន់ម៉ៃក្រូហ្វូនថ្លែងសន្ទរកថា លោក ថមមី ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមជាច្រើន លើកការសរសើរដល់លោកថា «លោកពិតជាស្វាមី ដ៏ល្អណាស់ ក៏ព្រោះសុខចិត្តតុបតែងខ្លួនយ៉ាងណាក៏ដោយ ឱ្យតែបានជួយដល់ភរិយា ជាពិសេសនោះ គឺឱ្យភរិយាមានស្នាមញញឹមតែម្តង»។
ស្របគ្នានោះ សូម្បីតែម្ចាស់សាមីខ្លួន គឺអ្នកនាង សួស វីហ្សា ក៏បានបង្ហោះរូបភាពកាត់តចូលគ្នារបស់ស្វាមី កំពុង Live តុបតែងខ្លួនស្រី និង រូបភាពស្វាមីកំពុងឈរនៅលើឆាកជាមួយអ្នកជំនួញផ្សេងៗ គឺពិតជាខុសគ្នាដាច់។ លើសពីនោះ គឺអ្នកនាង សួស វីហ្សា ក៏បានបង្ហោះសារយ៉ាងខ្លី តែពោរពេញដោយក្តីសុខចេញពីបេះដូងរបស់ខ្លួនថា៖ «រូបភាពមួយសន្លឹកនេះ រយលានអត្ថនយ័សម្រាប់ខ្ញុំ Tommy Real Tommy»៕